លោក​ សម រង្ស៊ី​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​គូសបញ្ជាក់​ជា​ថ្មី​ទៅ​កាន់​អ្នក​ចោទ​សួរ និង​អ្នក​គាំទ្រ​​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក​ថា​លោក​មិន​ខ្លាច​ជាប់គុក និង​មិន​ខ្លាច​ស្លាប់​នោះ​ទេ​ហើយ​បើ​លោក​ជាប់​គុក ឬ​ស្លាប់​អាច​រំដោះ​ប្រទេស​កម្ពុជា​ពី​ក្រញាំ​របស់​វៀតណាម​បាន​នោះ​គឺ​លោក​សុខ​ចិត្ត​។
លោក សម រង្ស៊ី បាន​​ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​សួរ​​របស់​អ្នក​ចូលរួម​ជាច្រើននាក់នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​អ្នក​គាំទ្រ​នៅ​​ទីក្រុង​ឡូវែល សហរដ្ឋ​អាមេរិក​​កាលពី​ថ្ងៃ​អាទិត្យ​​។ ​មេបក្ស​ប្រឆាំង​ដែល​និរទេស​ខ្លួនទៅក្រៅប្រទេស​រូប​នេះ​បាន​គូសបញ្ជាក់​ថា​ក្នុង​នាម​ជា​មេដឹកនាំ​​ចលនា​​​តស៊ូ​ដើម្បី​សេរីភាព​ជាតិ​លោក​ប្រាកដ​ជា​មិន​ខ្លាច​ការ​ចាប់​ខ្លួន​​​ និង​​ការ​ឃុំ​ខ្លួន​ទេ​ប៉ុន្តែ​​​ទាមទារ​ថា ​ការ​ចាប់​ខ្លួន ឬ​ឃុំ​ខ្លួន​ ឬ​​ក៏​ការ​ស្លាប់​​របស់​លោក​ត្រូវ​តែ​មាន​ន័យ​សម្រាប់​ជាតិ​​ និង​អាច​ជួយ​ជាតិ​ឲ្យ​គេច​ផុត​ពី​​ក្រញាំ​របស់​វៀតណាម​។ លោក​ថ្លែង​​​ថា​លោក​ជ្រើសរើស​យក​ការ​​ប្រយុទ្ធ​ពី​បរទេស​​មួយ​រយៈពេល​ដែល​អាច​ជា​ជម្រើស​តែ​មួយ​គត់​ដើម្បី​​​ទទួល​បាន​ជោគជ័យ​ចុង​​ក្រោយ​។
នៅក្នុង​វីដេអូ​ឃ្លីបដែលលោកបានដាក់ផ្សព្វផ្សាយ​​​​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​លោក​​កាលពី​​ម្សិលមិញ​​ដែល​បង្ហាញ​​​ការ​ជួប​​ជាមួយ​​អ្នក​គាំទ្រ​​នៅ​ទីក្រុង​ឡូវែល​អ្នក​ចូលរួម​ម្នាក់​បាន​លើក​​សំណួរ​មួយ​ទៅ​លោក សម រង្ស៊ី អំពី​ការ​សម្រេច​ចិត្ត​​របស់​លោក​ដែល​​តែងតែ​រត់​គេច​​ចេញ​ពី​ប្រទេស​នៅ​ពេល​​​​មាន​បញ្ហា​ជាមួយ​តុលាការ​ដោយ​សួរ​ថា​ហេតុ​អ្វី​លោក សម រង្ស៊ី មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​​ និង​​ជាប់​ពន្ធនាគារ​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​​មើល​ឃើញ​អំពី​ភាព​ក្លាហាន​របស់​លោក​? អ្នក​ចូលរួម​ម្នាក់​នេះ​បាន​លើក​ឡើង​ថា​៖ «​​ឯកឧត្តម​ខ្លាច​ការ​ជាប់​ពន្ធនាគារ​! ​មេដឹកនាំ​ខ្លាច​ការ​ជាប់​ពន្ធនាគារ​គេច​​ចេញ​ពី​ប្រទេស​! ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គាំទ្រ​ខ្លាំង​ណាស់​​នៅ​ក្នុង​ពិភពលោក​ប៉ុន្តែ​​លោក​ប្រធាន​ឲ្យ​តែ​​មាន​បញ្ហា​ លោក​ប្រធាន​ ​តែងតែ​​គេច​ចេញ​ពី​ប្រទេស​»​។ បុរស​​រូប​នេះ​ក៏​បាន​ប្រៀប​ធៀប​លោក សម រង្ស៊ី ​ទៅ​​​លោកស្រី អ៊ុង សានស៊ូជី ​​មេដឹកនាំ​គណបក្ស​ប្រឆាំង​របស់​មីយ៉ាន់ម៉ា​ផង​ដែរ​ដោយ​ថ្លែង​ថា​លោក សម រង្ស៊ី មិន​មាន​ភាព​ក្លាហាន​​ហ៊ាន​​ប្រឈម​មុខ​នឹង​ការ​ឃុំ​ខ្លួន​ដូច​លោកស្រី អ៊ុង សានស៊ូជី ដែល​ត្រូវ​ឃុំ​ខ្លួន​អស់​រយៈពេល​ ១៥ ​ឆ្នាំ​នោះ​ទេ​។ «​ហេតុ​ដូច្នេះ​ខ្ញុំ​សុំ​ទោស​ពី​ឯកឧត្តម។ សូម​ឯកឧត្តម​បំភ្លឺ​។ ​កុំ​រត់​គេច​ពី​ពន្ធនាគារ​ក្លាហាន​​​ជាប់​ពន្ធនាគារ​ប្រជាពលរដ្ឋ​នឹង​គាំទ្រ​»។
ជា​ការ​ឆ្លើយតប​លោក សម រង្ស៊ី បាន​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​​ថា​លោក​មិន​ដែល​​ខ្លាច​​ការ​ជាប់​ពន្ធនាគារ​ទេ​ហើយ​​ថា​ប្រសិន​​បើ​​លោក​ជាប់​ពន្ធនាគារ​ ឬ​​ស្លាប់​ហើយ​ប្រទេស​​ត្រូវ​បាន​សង្គ្រោះ​​ពី​ក្រញ៉ាំ​របស់​វៀតណាម​នោះ​លោក​​សុខ​ចិត្ត​ជាប់​ពន្ធនាគារ​ភ្លាម​។ លោក​ថ្លែង​ថា​៖ «​ប្រសិន​បើ​ សម រង្ស៊ី ​​​ទៅ​ប្រទេស​ខ្មែរ​ឥឡូវ​ហើយ​ សម រង្ស៊ី ជាប់​ពន្ធនាគារ សម រង្ស៊ី ស្លាប់​គ្មាន​បញ្ហា​​ទេ​ប៉ុន្តែ​បន្ទាប់​ពី​ខ្ញុំ​ជាប់​ពន្ធនាគារ​បន្ទាប់​ពី​ខ្ញុំ​ស្លាប់​សូម​បញ្ជាក់​ថា​កម្ពុជា​នឹង​គេច​ផុត​ពី​ក្រញ៉ាំ​​យួន ​ខ្ញុំ​នឹង​យល់​ព្រម​ភ្លាមៗ»។ មេបក្ស​ប្រឆាំង​រូប​នេះ​ក៏​បាន​រំឭក​​ដល់​អ្នក​គាំទ្រ​របស់​លោក​ផង​ដែរ​អំពី​ការ​ធ្វើ​បាតុកម្ម​កាលពី​អតីតកាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ដែល​ដឹកនាំ​ដោយ​​រូប​លោក​​នៅ​ពេល​នោះ​លោក​ត្រូវ​បាន​គេ​​តាម​ប្រមាញ់​​ និង​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ដោយ​ធ្វើ​ឲ្យ​​អ្នក​តវ៉ា​ ១០‑២០​ នាក់​ស្លាប់​នៅ​ជុំវិញ​លោក​ហើយ​ខោ​អាវ​របស់​លោក​ប្រឡាក់​សុទ្ធ​តែ​ឈាម​។ លោក បញ្ជាក់​ថា​៖ «​​ខ្ញុំ​មិន​ភ័យ​ខ្លាច​ស្លាប់​ទេ​។ ប៉ុន្តែ​​​ការ​ស្លាប់​ត្រូវ​តែ​​មាន​ន័យ​មាន​ប្រយោជន៍​។ ​​កុំ​ស្លាប់​​​ដោយសារ​ចាញ់​បោក​គេ​។ ​កុំ​ស្លាប់​ដោយ​គ្មាន​ប្រយោជន៍​។ ​នោះ​ពិតជា​មិន​ស្លាប់​ដាច់​ខាត​ទុក​ជីវិត​ការពារ​ជាតិ​»។ 
រូបភាពៈhttps://commons.wikimedia.org/wiki/Category:Sam_Rainsy#/media/File:Sam_Rainsy_(cropped).jpg
អត្ថបទៈhttp://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%9B%E1%9F%84%E1%9E%80-%E1%9E%9F%E1%9E%98-%E1%9E%9A%E1%9E%84%E1%9F%92%E1%9E%9F%E1%9F%8A%E1%9E%B8%E1%9E%90%E1%9E%B6-%E1%9E%9B%E1%9F%84%E1%9E%80%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%85%E1%9E%B7%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%87%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%96%E1%9E%93%E1%9F%92%E1%9E%92%E1%9E%93%E1%9E%B6%E1%9E%82%E1%9E%B6%E1%9E%9A-%E1%9E%AC%E1%9E%9F%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%94%E1%9E%BE%E1%9E%A2%E1%9E%B6%E1%9E%85%E1%9E%9A%E1%9F%86%E1%9E%8A%E1%9F%84%E1%9F%87%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6%E1%9E%96%E1%9E%B8%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%89%E1%9E%B6%E1%9F%86%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B%E1%9E%9C%E1%9F%80%E1%9E%8F%E1%9E%8E%E1%9E%B6%E1%9E%98%E1%9E%94%E1%9E%B6%E1%9E%93

Post a Comment

 
Top